មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

មន្ត្រីសាលាស្រុកបុទុមសាគរនិងពលរដ្ឋមួយចំនួនបានរិះគន់ចំៗទៅលើលោក ពៅ ចាន់ថន ថាថ្លើមធំអាងអំណាចរបស់ខ្លួនជាប្រធានភូមិបាលស្រុកហ៊ានរំលោភយកដីការិយាល័យភូមិបាលធ្វើជាកម្មសិទ្ធ

 

កោះកុង ៖ មន្ត្រីសាលាស្រុកបុទុមសាគរនិងពលរដ្ឋមួយចំនួនបានរិះគន់ចំៗទៅលើលោក ពៅ ចាន់ថន ថាថ្លើមធំអាងអំណាចរបស់ខ្លួនជាប្រធានភូមិបាលស្រុកបុទុមសាគរហ៊ានរំលោភយកដីការិយាល័យភូមិបាលធ្វើជាកម្មសិទ្ធរបស់ខ្លួននិងសាងសង់ផ្ទះត្រចៀកកាំដោយគ្មានច្បាប់អនុញ្ញាតិថែមទៀត ដីសម្បត្តិរដ្ឋដែលត្រូវបានលោក ពៅ ចាន់ថន រំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនខាងលើមានទីតាំងស្ថិតក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ។
យោងតាមប្រភពពីមន្ត្រីចាស់ៗនៅក្នុងសាលាស្រុកបុទុមសាគរបានលើកឡើងថា ដីការិយាល័យភូមិបាលស្រុកបុទុមសាគរដែលលោក ពៅ ចាន់ថន រំលោភយកធ្វើជាកម្មសិទ្ធិខាងលើពីមុនមកគឺជាដីសាលាស្រុកចាស់និងប្រៃសណីយ៏ចាស់មិនគួរណាលោក ពៅ ចាន់ថន ដែលជាអ្នកកាន់ច្បាប់ស្រាប់ ហ៊ានរំលោភយកទាំងកំរោលបែបនេះសោះ នេះប្រហែលជាលោកមានខ្នងបង្អែកធំៗនៅពីខ្នងហើយមើលទៅបានជាលោកហ៊ានដល់ថ្នាក់នេះ ។
ប្រភពដដែលបានលើកឡើងថាកន្លងមកសម្តេចក្រឡាហោម ស ខេង ឩបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងបានផ្តាំផ្ញើរដល់មន្ត្រីជំនាញនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់អោយនាំគ្នាខិតខំជួយទប់ស្កាត់នួវរាល់បទល្មើសដែលរំលោភបំពានទៅដល់សម្បត្តិរដ្ឋតែម្តងនេះលោក ពៅ ចាន់ថន ដែលជាអ្នកកាន់ច្បាប់បែបជារំលោភបំពានដោយខ្លួនឯងល្មើសនិងបទបញ្ជារបស់សម្តេចក្រឡាហោម ចាំមើលថាតើការរំលោភបំពានមួយនេះអាចនិងបានសម្រេចឬយ៉ាងណា ? នេះបើសិនជាពលរដ្ឋធម្មតាវិញកុំថាឡើយសាងសង់ផ្ទះត្រចៀកកាំនោះ ត្រឹមតែសាងសង់កូនខ្ទមឈើនោះម្លេះអាជ្ញាធរនិងមន្ត្រីជំនាញមកហាមឃាត់បាត់ទៅហើយ តែដល់ពេលប្រធានភូមិបាលវិញបែជាខាងអាជ្ញាធរនាំគ្នាសម្ងំស្ងាត់ឈឹងប្រហែលជាអាចទទួលបានលាភសក្ការះសើមមាត់សើមកដែរហើយបានជាអាជ្ញាធរនាំគ្នាមើលរំលងបែបនេះ ។
ប្រភពដដែលក៏បានអំពាវនាវទៅដល់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណះអភិបាលខេត្តកោះកុង ក៏ដូចជាឯកឩត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយ៍កម្មនិងសំណង់មេត្តាជួយពិនិត្យមើលបញ្ហាខាងលើផង ដើម្បីកុំអោយក្លាយទៅជាទំលាប់និងគំរូរមិនល្អដល់ពលរដ្ឋ ។
ជុំវិញករណីចោទប្រកាន់ខាងលើ លោក ឃៀង យិង មេឃុំអណ្តូងទឹកបានអោយដឹងតាមទូរស័ព្ទថា រឿងសាងសង់ផ្ទះត្រចៀកកាំខាងលើលោកមិនបានដឹងនោះទេ ហើយក៏គ្មានច្បាប់សាងសង់ណាបានមកដល់ដៃលោកដែរ បើទោះបីជាមានការរត់ការសុំច្បាប់សាងសង់ក៏លោកមិនហ៊ានចុះហត្ថលេខានោះដែរ ព្រោះដីនេះពាក់ព័ន្ធ ។
ចំណែកលោក ទូ សាវុធ អភិបាលស្រុកបុទុមសាគរដែលទើបចូលកាន់តំណែងថ្មីបានអោយដឹងដែរថា លោកពុំបានដឹងពីរឿងផ្ទះរបស់លោក ពៅ ចាន់ថន សាងសង់ផ្ទះត្រចៀកកាំនោះទេព្រោះគ្មានច្បាប់ណាមកដល់លោកឡើយ ចាំលោកអោយកម្លាំងចុះទៅពិនិត្យមើលបញ្ហានេះ ។
ចំណែកលោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដីនគររូបនីយ៍កម្មនិងសំណង់ខេត្តកោះកុងវិញបានអោយដឹងតាមទូរស័ព្ទថា រឿងសាងសង់ផ្ទះរបស់លោក ពៅ ចាន់ថន លោកបានទទួលព័ត៌មានថាកំពុងតែរត់ការតែមិនទាន់បានមកដល់ដៃលោកនៅឡើយនោះទេ ។
ដោយឡែកលោក ពៅ ចាន់ថន ដែលជាប្រធានភូមិបាលស្រុកបុទុមសាគរនិងជាម្ចាស់ផ្ទះត្រចៀកកាំខាងលើផ្ទាល់បានអោយដឹងតាមទូរស័ព្ទថា លោកពុំបានសាងសង់ផ្ទះនៅលើដីរដ្ឋដូចការចោទប្រកាន់របស់គេនោះទេ ហើយប្រសិនបើមាននណាថាលោកសាងសង់នៅលើដីរដ្ឋអោយមកជួបលោកមក ហើយក៏បានបិទទូរស័ព្ទទៅ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *