មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ផ្ទុះកាន់តែខ្លាំង! «ស្នងការរងខេត្តកំពង់ធំ៥រូប ប្ដឹងទៅសម្ដេចក្រឡាហោម ស ខេង អោយដកស្នងការខេត្ត និងស្នងការរង អ៊ិត គឹមស៊្រន រឿងបក្ខពួក និងពុករលួយ»

(កំពង់ធំ)៖ រឿងពុករលួយ និងបក្ខពួកនិយមនៅក្នុងជួរថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលដឹកនាំដោយ​លោកឧត្តមសេនីយ៍ទោ ជូ សំអាន ស្នងការនគរបាលខេត្ត កាន់តែធ្ងន់ធ្ងរទៅៗ ក្រោយពីស្នងការរងរបស់ខ្លួនចំនួន៥រូប បានចេញមុខប្ដឹងជាផ្លូវការ ទៅកាន់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

 

ក្រៅពីប្ដឹងមេកើយរបស់ខ្លួន ស្នងការរងទាំង៥រូប ថ្នាក់ឧត្តមសេនីយ៍ត្រី៤រូប និងវរសេនីយ៍ឯកមួយរូបនោះ ពួកគេក៏បានប្ដឹង​ស្នងការរងម្នាក់ទៀត គឺលោកវរសេនីយ៍ឯកអ៊ិត គឹមស្រ៊ន ស្នងការរងទទួលផែនធនធានមនុស្ស ដែលមានការឃុបឃិតដឹកនាំ​ខុសឆ្គងយ៉ាងធ្ងន់ធ្ងរ ជាមួយលោកឧត្តមសេនីយ៍ទោ ជូ សំអាន។

 

កាលពីពេលថ្មីៗនេះ មន្រ្តីនគរបាលថ្នាក់នាយប៉ុស្តិ៍ ក៏បានប្ដឹងទៅសម្ដេចក្រឡាហោម ស ខេង ឲ្យដកតំណែងលោក​ឧត្តមសេនីយ៍ទោ ជូ សំអាន និងស្នងការរង អ៊ិត គឹមស្រ៊ន និងស្នងការរងទទួលការងារសន្តិសុខ លោក ខៀវ ចាន់នី ដោយពួកគេចោទថា «មានភាពមិនប្រក្រតី ពុករលួយ និងបក្ខពួកនិយម ក្នុងការដឹកនាំជាពិសេសនោះ​ការតែងតាំង​មន្ត្រីឲ្យ​កាន់តំណែង និងឈរជើងនៅកន្លែងណាមួយ គឺត្រូវកំណត់តម្លៃយ៉ាងជាក់ច្បាស់»។

 

ប៉ុន្តែភ្លាមៗនោះលោកឧត្តមសេនីយ៍ទោ ជូ សំអាន បានចេញមកធ្វើការបដិសេធចោល ដោយលើកហេតុផលថា មានគេអ្នក​រៀបចំ​ប្ដឹងលោក ហើយចោទថា មន្រ្តីដែលប្ដឹងលោកនោះ អសកម្មការងារ តែលើកនេះពាក្យបណ្ដឹង ដែលបែកធ្លាយដាក់​ទៅសម្ដេច​ក្រឡាហោម គឺអ្នកប្ដឹងជាស្នងការរងទាំង៥នាក់ ដូច្នេះតើការដាក់ពាក្យបណ្ដឹងទៅកាន់​ថ្នាក់លើជាការមួរបង្កាច់ ឬជាការពិត។

 

យោងតាមពាក្យបណ្ដឹងរបស់ ស្នងការរងទាំង៥រូប រួមមាន៖ លោកឧត្តមសេនីយត្រី ឱម ទីលី លោកឧត្តមសេនីយ៍ត្រី លឹម ហេន លោកឧត្តមសេនយ៍ត្រី លន ណាឡោម លោកឧត្តមសេនិយ៍ត្រី កែ ខាន់ណាឡា និងលោកវរសេនីយ៍ឯក កែវ សុផល ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០២ខែមីនា ឆ្នាំ២០១៧ ដោយរៀបរាប់ពីភាពមិនប្រក្រតី ក៏ដូចជា អំពើពុករលួយ​នៃការដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ជូ សំអាន និងស្នងការរង អ៊ិត​ គឹមស្រ៊ន។

 

ស្នងការរងទាំង៥រូប បានរៀបរាប់ថា លោកឧត្តមសេនីយ៍ទោ ជូ សំអាន អសមត្ថភាពដឹកនាំ គ្មានការទទួលខុសត្រូវ ជឿតែការ​ចាក់រុកពីស្នងការរង អ៊ិត គឹមស្រ៊ន មានភាពយឺតយ៉ាវ ស្ពឹកស្រពន់ ពេលមានបញ្ហាមិនចេះផ្ដល់យោបល់ ឬគោលការណ៍​ច្បាស់លាស់ ពុំដែលប្រជុំគណៈស្នងការ ក៏ដូចជា គណៈកម្មាធិការស្នងការ ធ្វើតែតាមអារម្មណ៍របស់ស្នងការរង អ៊ិត គឹមស្រ៊ន។

 

ពាក្យបណ្ដឹងនេះ បានលើកឡើងថា លោកស្នងការ បានឃុបឃិតជាមួយស្នងការរង អ៊ិត គឺមស្រ៊ន តែងតាំងមន្រ្តីថ្នាក់​នាយ​រងប៉ុស្តិ៍ និង​នាយការិយាល័យពី៥០០ទៅ៣០០០ដុល្លារ ពីនាយ នាយរងផ្នែក និងអធិការដ្ឋាន ពី៥០០ទៅ១០០០ដុល្លារ ព្រមទាំង​លួចដំឡើងស័ក្តិ​តែបក្ខពួករបស់ខ្លួន។

 

បើតាមពាក្យបណ្ដឹង ស្នងការរងទាំង៥រូប បានស្នើសុំសម្ដេចក្រឡាហោម ឲ្យដកលោកស្នងការ និងស្នងការរងរូបនេះ ចេញពី​អង្គភាព ដើម្បីស្ដារស្ថានការណ៍ខាងលើ ឲ្យមានភាពល្អប្រសើរឡើងវិញ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *