មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

អនុប្រធានមន្ទីរពេទ្យអង្គរសង់តេ ចេញបកស្រាយរឿងបុគ្គលិកចាប់រំលោភអ្នកជំងឺ!

អនុប្រធានមន្ទីរពេទ្យអង្គរសង់តេ ចេញបកស្រាយរឿងបុគ្គលិកចាប់រំលោភអ្នកជំងឺ!

ខេត្តសៀមរាប ៖ គ្រូពេទ្យកំលោះម្នាក់ ឃើញអ្នកជំងឺស្រីស្អាតចូលដេកពេទ្យ ព្យាបាលជំងឺ ក៏កើតចិត្តស្រឡាញ់ក្នាញ់គ្រឺតពេក រហូតចូលទៅដេកឱបស្ទាបអង្អែល ប៉ុនប៉ងចាប់រំលោភសេពសន្ថវៈ តែត្រូវនារីរងគ្រោះរើបម្រះ និងដេញចេញពីបន្ទប់ រួចក៏ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនគ្រូពេទ្យកំហូច នាំខ្លួនទៅចាត់ការតាមច្បាប់។

ហេតុការណ៍គ្រូពេទ្យប៉ុនប៉ងចាប់រំលោភអ្នកជំងឺស្រីខាងលើនេះ បានកើតមានឡើងនៅ ក្នុងមន្ទីរពហុព្យាបាលអង្គរសង់តេ ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
គ្រូពេទ្យដែលស្រឡាញ់អ្នកជំងឺពេក ប៉ុនប៉ងចាប់រំលោភនោះមានឈ្មោះវណ្ណ ស៊ុន ភេទប្រុស អាយុ២៤ឆ្នាំ ធ្វើការនៅមន្ទីរពហុព្យាបាលអង្គរសង់តេ។

យោងតាមបណ្តឹងរបស់នារីរងគ្រោះ ឈ្មោះ ទ.ស.ហ្គ អាយុ២១ឆ្នាំ មុខរបរលក់សម្លៀកបំពាក់ ស្នាក់នៅក្នុងសង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប ដែលមកប្តឹងសមត្ថកិច្ចនគរបាល នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង២០ៈ០០នាទី បានរៀបរាប់ថា នាងបានមកដេកសម្រាកនៅមន្ទីរពហុព្យាបាលអង្គរសង់តេ ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងខេត្ត សៀមរាប។ រហូតដល់ថ្ងៃទី១៥ ខែឆ្នាំដដែល វេលាម៉ោង០៣ៈ០០នាទីទៀបភ្លឺ ជនសង្ស័យឈ្មោះវណ្ណ ស៊ុន ជាគ្រូពេទ្យក្នុងគ្លីនិក បានចូលក្នុងបន្ទប់នាង លេខ១៦ ជាន់ទី១ ហើយនិយាយគ្នាលេងមួយសន្ទុះ ព្រោះឃើញនាងនៅម្នាក់ឯង បន្ទាប់មក គេបានឡើងដេកលើប៉ៅអី ដែលនៅចុងជើងនាង ហើយបានទៅបិទទ្វារ បិទភ្លើង រួចឡើងទៅដេកលើគ្រែជាមួយនាង យកដៃស្ទាបលើមុខ ថ្ពាល់ និងក ហើយឱបនាង ដោយយកដៃដាក់លើពោះនាង និងយកជើងឆ្វេងគងពីលើ។ លុះព្រឹកឡើង ជនសង្ស័យនោះបានចេញទៅផ្ទះបាត់…។

បន្ទាប់ពីបានទទួលបណ្តឹងនោះ នៅវេលា ម៉ោង១៦ៈ៥០នាទី នាថ្ងៃដដែលនោះ សមត្ថកិច្ចបានកោះអញ្ជើញជនសង្ស័យ  ឈ្មោះវ៉ាន់ ស៊ុន ហៅឆ្លូញ អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកពេទ្យ យកមកសាកសួរនៅប៉ុស្តិ៍ ហើយធ្វើការឃាត់ខ្លួនតែម្តង និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តសៀមរាប នៅរសៀលថ្ងៃទី១៦ មិថុនា ឆ្នាំ២០១៧។ ប៉ុន្តែប៉ូលិសអះអាងថា ករណីនេះ មិនមែនជាករណីប៉ុនប៉ងរំលោភសេពសន្ថវៈទេ ជាករណីប្រទូស្តកេរ្តិ៍ខ្មាស។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា គេពិតជាបានធ្វើសកម្មភាពយកដៃស្ទាបលើមុខ ថ្ពាល់ និងក ហើយឱបនារីរងគ្រោះប្រាកដមែន ដែលមូលហេតុមកពីឃើញអ្នកជំងឺស្រីគួរឱ្យស្រលាញ់ និងគ្រឺតក្នាញ់ពេក។

មជ្ឈដ្ឋានសង្គម ជាពិសេស អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានចាត់ទុកករណីនេះជារឿងអសីលធម៌បំផុត ដែលក្នុងនាមជាគ្រូពេទ្យម្នាក់ បែរជាប្រព្រឹត្តអំពើបែបនេះទៅលើអ្នកជំងឺ។

ក្នុងនោះ លោក William Guang បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោកថា “គិលានុបដ្ឋាក ដែលប៉ុនប៉ងរំលោភអ្នកជំងឺនៅមន្ទីរពេទ្យឯកជនអង្គរសង់តេ នៅខេត្តសៀមរាប នោះ ឈ្មោះវណ្ណ ស៊ុន កើតនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ១៩៩៣ អាយុ២៤ឆ្នាំ”។

លោក William Guang បានសរសេរបន្តថា “ខ្ញុំចង់ប្រាប់ថា នេះជារឿងថោកទាប ស្មោកគ្រោកខ្លាំងបំផុត ដែលខ្លួនជាគ្រូពេទ្យ បែរជាបំពានវិជ្ជាជីវៈពេទ្យ មកចង់រំលោភលើអ្នកជំងឺ ដែលគ្នាជានារីភេទទន់ខ្សោយចូលទៅសម្រាកព្យាបាលជំងឺតែម្នាក់ឯង គ្មានអ្នកកំដរ។ ហើយគ្លីនិកត្រូវចូលរួមសហការ ព្រោះអ្នកជំងឺគេមកព្យាបាលនៅគ្លីនិករបស់អ្នក បើគ្លីនិករបស់អ្នកមានដុកទ័ររបៀបហ្នឹង មានរឿងអីចឹងកើតឡើង តើអ្នកមិនចូលរួមទទួលខុសត្រូវទេឬ? តើអាជ្ញាធរត្រូវបន្តនៅស្ងៀមទាំងទទួលពាក្យបណ្តឹងរួចហើយមែនទេ?”។

ដោយឡែក នារីរងគ្រោះក៏បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់នាងថា “ឱបស្មានាង ឱ្យនាងយំ ឱ្យកក់ក្តៅតិចបានទេ? នាងពិតជាឯកាណាស់ ទោះវាមិនបានសម្រេច ចុះបើសម្រេច? មើលមុខវាដូចប្រេត អាពេទ្យរោគចិត្ត អាតណ្ហាក្រាស់ គួរឱ្យខ្ពើមណាស់”។

នារីរងគ្រោះបានសរសេរបន្ថែមថា “ក៏ផ្ញើជូននារីៗទន់ខ្សោយទាំងអស់ “សូមប្រយត្ន័បំផុតលើករណីដូចខ្ញុំ ទោះអ្នករឹងមាំយ៉ាងណាក៏ដោយ បន្ទប់ VIP ក៏ដោយ ត្រូវរកអ្នកកំដរ ចៀសវាងមានបញ្ហា ហើយពិបាកនិយាយជាមួយអ្នកអង្គុយលើច្បាប់ណា៎។ ខ្ញុំមិនទទួលខុសត្រូវលើការចែកចាយទាំងឡាយ លើប្រពន្ធ័ហ្វេសប៊ុកឡើយ ខ្ញុំមានភ័ស្តុតាង ខ្ញុំជានារីរងគ្រោះ ហើយករណីនេះ ខ្ញុំនឹងបំភ្លឺនៅតុលាការ”។

នារីរងគ្រោះបានសរសេរបន្តថា “ពេលនេះ សុខភាពខ្ញុំខ្សោយជាងថ្ងៃចូលគេងពេទ្យទៀត ខ្ញុំហត់ខ្លាំងណាស់ រត់ទៅប្តឹងផង មកបំភ្លឺផង ទៅចរចាផង ម៉្ងៃហើយ ពេលដែលខ្ញុំមានកម្លាំង នឹងធ្វើចិត្តបានឡើងវិញ ខ្ញុំនឹង Live បកស្រាយលើរឿងទាំងស្រុង។ រឿងព័ត៌មានផ្ទុះឡើងមក កុំថាឡើយដល់គេដឹង អ្នកអនាម័យ ក៏គេឃើញខ្ញុំឈរយំកណ្តាលពេទ្យដែរ មិនមែនរឿងឡុកឡ ឆាហើយចាក់ចោលទេ អាសូរមនុស្សស្រីទន់ខ្សោយផង បើប៉ះលើសមាជិកគ្រួសារអ្នក តើអ្នកព្រមនៅស្ងៀមទេ? ខ្ញុំទៅគ្លីនិកឯកជន ព្រោះខ្ញុំជឿជាក់លើការមកមើលថែ មិនមែនខ្ញុំទៅទទួលសេវាកម្មរំលោភទេ ចង់ចប់ឬយ៉ាងណា ដោះស្រាយតាមច្បាប់មក ខ្ញុំចង់តែប៉ុណ្ណឹង”។

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ នារីរងគ្រោះបានសរសេរបន្ថែមទៀតថា “គ្លីនិកឯកជនអង្គរសង់តេ ខ្ញុំជឿថា ប្រធានមន្ទីរគ្រប់ផ្នែក មិនកាន់ជើងលើបុគ្គលិកខ្លួនឯង មកធ្វើបែបនេះដាក់នាងខ្ញុំទេ ក៏មិនចង់មានបញ្ហាធំដុំដែរ យើងក៏បានទទួលការប្រជុំគ្នាដោយមានការយកចិត្តទុកដាក់សម្រាប់នាងខ្ញុំដូចគ្នា តែក្នុងករណីនេះ គឺនាងខ្ញុំទៅសម្រាកព្យាបាលនៅគ្លីនិករបស់អ្នក ព្រោះខ្ញុំនិងគ្រួសារនាងខ្ញុំផ្ញើសេចក្តីទុកចិត្តទាំងមូលទៅលើពេទ្យ ព្រោះខ្ញុំគ្មានអ្នកថែ ទើបជ្រើសរើសសេវាកម្មល្អបំផុតបែបនេះ។

សួរថា ៖ តើលើរឿងនេះ ខាងគ្លីនិក គួរទទួលខុសត្រូវដែរឬទេ? មិនមែនមានរឿងក្រៅគ្លីនិកឯណា ខ្ញុំទទួលការសម្រាកព្យាបាល២យប់ ហ្នឹង អស់២០២,៧៥$ ក្នុងហ្នឹងរួមទាំងថ្លៃថ្នាំ អស់១៤៣$, ពិនិត្យឈាម៣៤$, និងបន្ទប់គេង យប់ទីមួយ កង្ហារ៥$, យប់ទីពីរ ម៉ាស៊ីនត្រជាក់ ២០$។

ខ្ញុំឃើញសារព័ត៌មានខាង SrPostNews ដែរ សង្ឃឹមថា បងខាងសារព័ត៌មានជួយកែអត្ថបទខ្លះ ដើម្បីការពារខ្ញុំជានារីរងគ្រោះផង បំភ្លឺឱ្យអស់មក ខ្ញុំលម្អិតរួចអស់ហើយ មិនមែនគ្រាន់តែស្ទាបអង្អែល ហើយខ្ញុំមិនប្រកែកទេ និយាយឱ្យស្រួលបួល តែក្នុងកាលៈទេសៈដែលបិទភ្លើងងងឹតជិត ចាក់គន្លឹះទ្វារ ដៃបន្តោកសារ៉ូម សួរថា អ្នកណារើរួច ស្រែករួច? បើមិនយើងប្រកែកដោយសន្តិវិធី ស្មានតែវាចេញពីបន្ទប់មែន?

គាត់ព្យាយាមទាញខ្ញុំខិតចូលឱប យកជើងគាត់ចូលប្រឡោះជើងខ្ញុំ ទាំងខ្ញុំព្យាយាមរើ ខ្ញុំឱបដើមទ្រូងខ្ញុំជាប់ ខ្ញុំខិតចេញ ខ្ញុំដេញចេញ  គាត់យកដៃមកបបោសអង្អែលខ្ញុំ ណានៅចង់ថើបកខ្ញុំទៀត តែខ្ញុំងាកចេញ ក្រោយពេលខ្ញុំដេញចេញ ប្រកែក៣ដង ទាំងហូរទឹកភ្នែកគ្មានសំឡេង គាត់ចេញពីបន្ទប់ខ្ញុំហើយ គាត់ចូលមកម្តងទៀត ទាំងសភាពខ្ញុំញ័រភ័យ ហើយសូម្បីតែគ្រួសារនាងខ្ញុំមកដល់ពេទ្យ ម៉ោង៦ព្រឹក គាត់នៅថ្លើមធំចូលមកម្តងទៀត តើពិតជាមានបំណងឱ្យបានសម្រេចឬយ៉ាងណា? ហ្នឹងឬ? អ្វីដែលអ្នកជាវិជ្ជាជីវៈខាងសង្គ្រោះអ្នកជំងឺធ្វើ?
ទោះបីខ្ញុំចង់ស្រែកចង់រើ ចង់រត់ ក៏គ្មានកម្លាំងដែរ បើអ្នកជាខ្ញុំ អ្នកជ្រើសរើសវិធីអ្វីមកដោះស្រាយ?”។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ អនុប្រធានមន្ទីរពហុព្យាបាលអង្គរសង់តេ លោកវេជ្ជបណ្ឌិត អ៊ឹង សុភាព បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំំ២០១៧ ថា ខាងគ្លីនិកពេញចិត្តនឹងសហការជាមួយភាគីពាក់ព័ន្ធជានិច្ច ក្នុងនោះមានភាគីខាងជនរងគ្រោះ និងសមត្ថកិច្ចផងដែរ ហើយខាងគ្លីនិកមិនគាំទ្របុគ្គលដែលធ្វើឱ្យខូចឈ្មោះគ្លីនិកនោះទេ គឺទុកឱ្យច្បាប់ជាអ្នកចាត់ការចុះ។

លោកវេជ្ជបណ្ឌិតអ៊ឹង សុភាព បានមានប្រសាសន៍ថា “បាទ ! ធម្មតាទេ យើងពិតជាសោកស្តាយហើយ ព្រោះផ្សព្វផ្សាយជាសាធារណៈអីចឹង។ ខាងគ្លីនិកយើងមិនគាំទ្រទេ ចំពោះទង្វើណាដែលទាក់ទងនឹងបុគ្គលយើង គ្រាន់តែជួយសម្របសម្រួល ជួយចូលរួម ជួយសហការ ហើយអ្នកដើមបណ្តឹង គេមិនចង់ឱ្យយើងដោះស្រាយបញ្ចប់រឿងទេ គេចង់ឡើងតុលាការ អីចឹងយើងមិនអាចទៅជំទាស់បានទេ យើងធ្វើតាមដំណើរការច្បាប់ទៅ។ ដូច្នេះខាងប៉ូលិសប៉ុស្តិ៍ស្លក្រាម ហ្នឹង គេបានរៀបចំសាកសួរបញ្ជូនសំណុំឯកសារហ្នឹងយ៉ាងណានោះ គឺនីតិវិធីរបស់គេ យើងអត់មានទៅចូលរួមទបស្កាត់អីយ៉ាងម៉េចទេ។ រហូតពេលនេះ បុគ្គលិកនេះ ស្ថិតនៅប៉ូលិស។ តាមពិត ពីដំបូង យើងបានជួបចរចាអស់ហើយ ជាមួយសាមីខ្លួន ជាមួយបងប្អូន ជាមួយប៉ូលិស ជាមួយអីហ្នឹង ចរចានៅគ្លីនិក ចរចានៅប៉ុស្តិ៍អស់ហើយ តែគាត់ថា ចង់ឡើងតុលាការ។ អីចឹងធ្វើតាមច្បាប់ទៅ យើងគោរពច្បាប់ទាំងអស់គ្នា។ បើប៉ុស្តិ៍គេបកស្រាយមក រឿងនេះ ដូចមិនធ្ងន់ប៉ុន្មានទេ តាមសមត្ថកិច្ចគេសួរនាំទាំងសាមីខ្លួនទៅ ហើយគេវិនិច្ឆ័យតាមហ្នឹងទៅ ឯខាងយើងគ្រាន់តែជួយចូលរួមសម្របសម្រួលតែប៉ុណ្ណឹងទេ រឿងការដោស្រាយនីតិវិធីអី គឺច្បាប់។ ចំពោះបុគ្គលិកនោះ បើដោះស្រាយផ្លូវច្បាប់រួចហើយ យើងមិនទាន់អាចបញ្ជាក់បានថា ទទួលវិញ ឬមិនទទួលទេ តែយើងមានបទបញ្ជាផ្ទៃក្នុងមួយ យើងនឹងអនុវត្តតាមក្រោយ ក្នុងការសម្រេចយ៉ាងម៉េច យើងចាំប្រជុំគណៈកម្មការយើង ប៉ុន្តែជំហានឥឡូវនេះ យើងប្រគល់ឱ្យច្បាប់ ព្រោះដើមបណ្តឹង គេចង់អនុវត្តច្បាប់”។

លោកអ៊ឹង សុភាព បានមានប្រសាសន៍បន្តថា “ក្នុងចំណុចនេះ ដើម្បីជាការប្រុងប្រយ័ត្នទាំងអស់គ្នា ខ្ញុំគិតថា អ្នកជំងឺដែលមកគេង គួរតែមានអ្នកកំដរ ហើយប្រសិនជាគាត់ត្រូវការអ្នកកំដរយ៉ាងម៉េច គួរប្រាប់មកខាងរដ្ឋបាល ខាងខ្ញុំឱ្យដឹង ព្រោះគាត់អត់មានប្រាប់រដ្ឋបាល ខាងខ្ញុំឱ្យដឹងសោះ ចេញទៅក៏អត់ដឹងទាំងអស់ ហើយគាត់ទៅដាក់ពាក្យបណ្តឹងតាមក្រោយ ខាងផ្នែករដ្ឋបាលរបស់គ្លីនិកហ្នឹង អត់បានដឹងអីទាំងអស់។ គាត់ចុះមកគិតលុយធម្មតា ហើយបានមកដាក់ពាក្យបណ្តឹងតាមក្រោយ មិនបានជូនដំណឹងនៅកន្លែង ដែលយើងពិបាកដែរបញ្ហាហ្នឹង។ ដូច្នេះនេះជាចំណុចឆកល្វែង ដែលយើងត្រូវតែចូលរួមទាំងអស់គ្នា ទាំងសាមីខ្លួនក៏ត្រូវមានការទទួលខុសត្រូវរៀងខ្លួន បើគាត់មិនពេញចិត្តឱ្យពេទ្យនៅបិទទ្វារចាក់សោទៅ ចប់ហើយ មិនដឹងថា ទាំងអស់គ្នា អ្នកណាខុស អ្នកណាត្រូវ ប៉ុន្តែយើងចូលរួមតាមច្បាប់ទាំងអស់គ្នាទៅ”៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!