អាមេរិក៖ ជំនួបដ៏ធំក្នុងការប្រកួតរវាងស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao និង Amir Khan ដើម្បីដណ្តើមខ្សែក្រវ៉ាត់ WBO World Welterweight Champion នៅអារ៉ាប់រួម នាថ្ងៃទី២៣ ខែមេសាខាងមុខ ពេលនេះត្រូវបានប្រកាសលុបចោលវិញ។ នេះបើយោងតាមសម្តីរបស់អ្នករៀបចំការប្រកួតជនជាតិហ្វីលីពីនលោក Bob Arum ។
លោក Bob Arum បានបញ្ជាក់ពីមូលហេតុប្រាប់សារព័ត៌មាន ESPN ថា «ដោយសារតែបញ្ហាកិច្ចសន្យាសង្វៀននៅទីនោះ ទើបធ្វើឲ្យការប្រកួតត្រូវលុបចោល»។
Bob បានបន្ថែមទៀតថា «ខ្ញុំនឹងរៀបចំការប្រកួតមួយផ្សេងទៀតឡើងវិញ ប៉ុន្តែដៃគូរបស់ Pacqiuao នោះមិនមែន Amir Khan ទៀតទេ» ។
គួររំលឹកផងដែរថា ការប្រកួតនៅក្នុងខែមេសាដែលត្រូវបានលុបចោលថ្មីៗនេះ ត្រូវបានរៀបចំឡើងជាផ្លូវការម្តងហើយ កាលពីប៉ុន្មានសប្តាហ៍មុន មិនតែប៉ុណ្ណោះភាគីទាំងសងខាង ពោលគឺអ្នកប្រដាល់មកពីហ្វីលីពីន Manny Pacquiao និងកីឡាករ Amir Khan ក៏បានព្រមព្រៀងគ្នារួចរាល់ហើយដែរ ប៉ុន្តែចុងក្រោយបែរជាត្រូវលុបចោលវិញ។
បើទោះបីជាយ៉ាងណាក៏ដោយ លោក Bob Arum ក៏បានឲ្យដឹងទៀតដែរថា ការប្រកួតរបស់ Pacquiao អាចនឹងលើកទៅប្រកួតក្នុងខែកក្កដា ឆ្នាំនេះវិញ តែចំពោះគូប្រកួតវិញមិនទាន់រកបាននៅឡើយទេ៕
ចំពោះប្រិយមិត្តវិញ ចង់ឃើញ Pacquiao ប្រកួតជាមួយជើងខ្លាំងរូបណាដែរ?
ប្រភព ៖ BBC