មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

កម្លាំងអាវុធហត្ថ​ ខេត្តកំពង់ស្ពឺ​ ឡោមព័ទ្ធភូមិគ្រឹះមួយកន្លែង ឃាត់ខ្លួនមេក្លោងគ្រឿងញៀន​ ៦នាក់ ដកហូតគ្រឿងញៀន​ ១៦១កញ្ចប់

កំពង់ស្ពឺ៖​ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការមួយកម្លាំងអាវុធហត្ថ​ ខេត្តព្រះសីហនុ​ បានធ្វើការឡោមព័ទ្ធភូមិគ្រឹះមួយកន្លែង ដែលស្ថិតនៅចំណុចភូមិផ្សារស្លាបលែង ឃុំស្វាយរំពា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយបានឃាត់ខ្លួនមនុស្ស​ ៤នាក់​ ជាមេក្លោង​ និងដកហូតគ្រឿងញៀន​១៦១កញ្ចប់ រថយន្តសេរីទំនើប​ ២គ្រឿង។ នេះបើយោងតាមការឱ្យដឹងពី​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថ​ ខេត្តកំពង់ស្ពឺ​ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។

លោកមេបញ្ជាការ​ បានបញ្ជាក់ថា​ ជនសង្ស័យទាំង៤នាក់ដែលសមត្ថកិច្ចបានឃាត់ខ្លួន​ ឈ្មោះ ឌា រ៉ានី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ ស្នាក់នៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ,​ ឈ្មោះ សាយ រ៉ាហ្សា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ ស្នាក់នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ,​ ឈ្មោះ គង់ រស្មី ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពេ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ និងឈ្មោះ ស៊ុន ឃឿន ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អនាម័យ ស្នាក់នៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ក្រោយឡោមព័ទ្ធ​ និងឃាត់ខ្លួនមេក្លោងទាំង៤នាក់​ ខាងលើ កម្លាំងកងរាជអាវុធហត្ថខេត្តទាំងពីរក៏បន្តដេញប្រផាប់ចាប់ប្រភីងមុខសញ្ញា​ ២នាក់បន្ថែមទៀត​ ដែលបានរត់ចូលទៅក្នុងភូមិសាស្ត្រស្រុកឈូកនៃខេត្តកំពត ក្រោយដឹងខ្លួនពេលសមត្ថកិច្ចឡោមព័ទ្ធភូមិគ្រឹះខាងលើ។​ កម្លាំងអាវុធហត្ថនៃខេត្តទាំងពីរបានសហការជាមួយអាវុធហត្ថខេត្តកំពត ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត​ បានតាមប្រម៉ាញ់មុខសញ្ញារហូតដល់ភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត​ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន​ ២នាក់​ បន្ថែមទៀត ឈ្មោះ សូ វាសនា ហៅអាឡូត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ និងឈ្មោះ ស៊ុន ដុងដៀង ភេទស្រី អាយ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានបញ្ជាក់បន្ថែមថាក្រោយប្រតិបត្តិការត្រូវបានបញ្ចប់ កម្លាំងជំនាញអាវុធហត្ថនៃខេត្តទាំង​ ៣​ បានចាប់ដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន​ ១៥៩កញ្ចប់ ម្សៅពណ៌សចំនួន​ ២កញ្ចប់​ រថយន្តសេរីទំនើបប្រភេទFordចំនួន២គ្រឿង ទូរស័ព្ទដៃ៦គ្រឿង​ និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។​ បច្ចុប្បន្នជនសង្ស័យទាំង​ ៦នាក់​ រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញប្រគល់ជូន កងរាជអាវុធហត្ថខេត្តព្រះសីហនុរួចហើយ ដើម្បីបន្តនីតិវិធីច្បាប់៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *