#ខេត្តកោះកុង÷
បុណ្យចូលព្រះវស្សាដែលមានរយៈពេលប្រមាណជា៣ខែនេះ ជាពេលវេលាមួយដែលព្រះសង្ឃពិបាកនិមន្តបិណ្ឌបាត្រព្រោះជារដូវភ្លៀង។ អាស្រ័យហេតុនេះហើយទើបប្រជាពុទ្ធបរិស័ទខ្មែរ តែងមានការរៀបចំពិធីប្រគេនទៀន ព្រះវស្សាសម្រាប់អុជបំភ្លឺ ក្នុងទីអារាម ព្រមទាំងមានការប្រគេននូវទេយ្យទានផ្សេងៗសម្រាប់ជាចង្ហាន់ព្រះសង្ឃក្នុងកំលុងរដូវវស្សា ដែលពិបាកនិមន្តបិណ្ឌបាត្រនេះ។
ការប្រគេនទៀនព្រះវស្សាដែលមានទេយ្យទានជាច្រើននេះ យកមកវេរប្រគេនដល់ព្រះសង្ឃនាពេលនេះ គឺដើម្បីគោរពទៅតាមប្រពៃណីព្រះពុទ្ធសាសនា ដែលជាពុទ្ធឱវាត និងដើម្បីជួយសំរាលការលំបាករបស់ព្រះសង្ឃ ក្នុងរយៈពេលគង់ចាំព្រះវស្សា អស់ត្រីមាស នៅទីវត្តអារាម ដែលក្នុងរយៈពេលនោះ ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្រ បានព្រោះរដូវវស្សានេះមានភ្លៀងធ្លាក់ជោគជាំពុទ្ធបរិស័ទជាប់រវល់ធ្វើស្រែចំការរៀងៗខ្លួន។
ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនាជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃនិងសាមណេបានរៀនធម៌និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ បងប្អូនដែលជាអ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព៕
ថ្ងៃអង្គារ ១ កើត ខែទុតិយាសាឍ
#អត្ថបទដោយមាឃសុខា
ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។