ក្រចេះ÷ នៅព្រឹកថ្ងៃទី 21 ខែមករាឆ្នាំ 2021 ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងលោកជំទាវ បានដឹកនាំគណៈប្រតិភូក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ អញ្ជើញមកទស្សន:កិច្ចពិនិត្យមើលការអភិវឌ្ឍវិស័យរោងចក្រ និងសិប្បកម្ម វិស័យទឹកស្អាត នៅក្នុងខេត្តក្រចេះ ដោយមានអញ្ជើញចូលរួម ពីឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត លោក សាម ណាល់អភិបាលស្រុកស្នួល បានចុះពិនិត្យមើលរោងចក្រថ្មអា មួយកន្លែង នៅក្នុងចំណុច ជើងភ្នំព្រិច ភូមិល្វៀងជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ នៅក្នុងដំណើរទស្សនកិច្ចនេះគឺដើម្បីចង់ដឹងពីសក្តានុពលនៅក្នុងខេត្តក្រចេះ ពាក់ពន្ឋ័ នឹងវិស័យឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា
និងនវានុវត្តន៍ ជាពិសេសពិនិត្យមើលលើការគ្រប់គ្រងអាជីវកម្មរោងចក្រ ថ្មអា ថ្មម៉ាត នៅតាមក្រុមហ៊ុនមួយចំនួន ក្នុងដំណើរទស្សនកិច្ចនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានជំរុញឲ្យម្ចាស់អាជីវកម្ម ទាំងថ្មីទាំងចាស់ ត្រូវតែសុំច្បាប់ធ្វើអាជីវកម្ម ឲ្យបានត្រឹមត្រូវ ដែលមានការអនុញ្ញាត ចេញដោយមន្ទីរ និងក្រសួង សាមីហើយក្នុងការធ្វើអាជីវកម្ម ពុះ ជ្រៀក អាថ្ម ត្រូវតែរក្សាទុកដាក់ កាកសំណល់ ឲ្យបានត្រឹមត្រូវ ដើម្បីកុំអោយមានផលប៉ះបរិស្ថាននៅតំបន់នោះ។
ក្នុងដំណើរទស្សនកិច្ចចុះមកពិនិត្យ មើលរោងចក្រ ផលិតថ្មម៉ាត នាពេលនោះមាន02 ក្រុមហ៊ុន គឺក្រុមហ៊ុន លោកឧកញ៉ា ឡេង រិទ្ធី និងក្រុមហ៊ុន មឿង សុខ (ខូ លិធីឌី) គឺដើម្បីស្វែងយល់ចង់ដឹងថា តើរោងចក្រណា ខ្លះនៅដំណើរការ ហើយរោងចក្រណាខ្លះមិនដំណើរការ និងមានការអភិវឌ្ឍន៍រីកចម្រើនកម្រិតណា។ ជាមួយគ្នានោះដែរ ឯកឧត្តមកិត្តសេដ្ឋា បណ្ឌិត ចម ប្រសិទ្ធ ក៏បានផ្ដាំផ្ញើដល់កម្មករ ដែលកំពុងបំពេញការងារនៅក្នុងរោងចក្រ ថ្មម៉ាតទាំងនោះ ត្រូវចេះថែទាំរក្សាសុខភាព ដើម្បីចៀសផុតពីជំងឺកូវីដ19 ដ៏កាចសាហាវ គឺត្រូវអនុវត្តន៍ ដូចជាពាក់ម៉ាស និងឧស្សាហ៍លាងដៃ និងសាប៊ូ ឬ អាកុលផងដែរ៕