មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ការពិតក្រោយជម្លោះហឹង្សារលើដីស្ថិតនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានលាតត្រដាង!!!

រាជធានីភ្នំពេញ ៖ យោងតាមការបង្ហាញឯកសារ និងកិច្ចសម្ភាសជាមួយតំណាងលោក ភឺន ផល្លា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ ២០២១ បានអោយដឹងថាដីដែលកំពុងមានទំនាស់នេះ តាមពិតគឺជាដីដែលប្តីប្រពន្ធជនជាតិចិន បានទិញពីប្រជាពលរដ្ឋតាំងពីឆ្នាំ១៩៩៣ មកម្លេះ ហើយបានធ្វើការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិដែលមានប័ណ្ណសរុបចំនួន១០៨ ប័ណ្ណ និងបានចុះបញ្ជីបង្កើតក្រុមហ៊ុនមួយឈ្មោះក្រុមហ៊ុន វីន អីនធើណេសិនណល ខូអិលធីឌី ។ ក្រោយពីបានទិញ និងធ្វើប័ណ្ណកម្មសិទ្ធិរួច ជនជាតិចិនបានឱ្យឈ្មោះ រឹម សាឡាត់ (ឪពុករបស់ឈ្មោះ រឹម សាឡយ និងឈ្មោះ រឹម សាឡែន) ជួយមើលការខុសត្រូវ និងថែរក្សាដីនេះ។

រហូតមកដល់ឆ្នាំ ២០១៦ លោក ភឺន ផល្លា បានចុះកិច្ចសន្យាទិញដីនេះពីជនជាតិចិន ដោយទុកឱ្យឈ្មោះ រឹម សាឡាត់ នេះនៅមើលការខុសត្រូវ និងថែរក្សាដីដដែល។ ស្រាប់តែប៉ុន្មានឆ្នាំចុងក្រោយនេះ មានប្រជាជនជាច្រើនគ្រួសារបានមកសង់ផ្ទះរស់នៅលើដីនេះ បណ្តាលឱ្យមានការសង្ស័យ ទើបលោក ភឺន ផល្លា បានធ្វើការស៊ើបអង្កេតលើករណីនេះ ហើយបានដឹងថា ឈ្មោះ រឹម សាឡាត់ រួមជាមួយកូនប្រុសទាំងពីរនាក់របស់ខ្លួន (ឈ្មោះ រឹម សាឡយ និងឈ្មោះ រឹម សាឡែន) បានលួចលក់ដីនេះទៅឱ្យប្រជាជន និងឈ្មួញខុសច្បាប់មួយចំនួន។ ក្រោយពីការលួចលក់នេះឈ្មោះ រឹម សាឡាត់ បានសង់ផ្ទះ ទិញដីនៅខេត្តកំពតសាងសង់ផ្ទះថ្មី ទិញរថយន្តទំនើបៗ និងជីវភាពខុសប្លែកពីធម្មតា។
ទោះបីជាបានដឹងថាប្រជាពលរដ្ឋទាំងនេះ បានមកទិញដី និងរស់នៅលើដីនេះដោយខុសច្បាប់ យ៉ាងអាណាធិបតេយ្យក៏ដោយ ក៏ក្រុមហ៊ុននៅតែមានឆន្ទៈ ដោះស្រាយគោលនយោបាយ ផ្តល់ដីនេះតាមទំហំកាន់កាប់ជាក់ស្តែង។ ដូច្នេះកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ មេធាវីតំណាងក្រុមហ៊ុន លោក នួន បូរ៉ា និងលោក ជា សុខចាន់ បានដាក់ពាក្យស្នើសុំទៅលោក អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ សំណើសុំក្រុមការងារស្រុក ចុះពិនិត្យ និងស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលកំពុងរស់នៅលើទីតាំងដីដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន មានទីតាំងស្ថិតនៅភូមិអូរតាសេក និងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុនេះ។
ក្រោយពីបានដាក់សំណើររួចមក លោកអភិបាលស្រុកបានឯកភាព និងបានបង្កើតក្រុមការងារដែលមានសមាសភាពដូចជា មេឃុំអូរឧកញ៉ាហេង មេភូមិអូរតាសេក មេភូមិអូរឧកញ៉ាហេង មេបញ្ជាការកងរាជអាវុធហត្ថស្រុកព្រៃនប់ អធិការនគរបាលស្រុកព្រៃនប់ ប្រធានការិយាល័យភូមិបាលស្រុកព្រៃនប់ ប្រធានមន្ទីរបរិស្ថាន ប្រធានការិយាល័យឧទ្យានជាតិរាម ដើម្បីចុះស្រង់ស្ថិតិប្រជាជនជាក់ស្តែង នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ ប៉ុន្តែដោយមានការញុះញង់ពីក្រុមជនអាណាធិបតេយ្យ ដែលមានការចាត់តាំងពីឈ្មោះ រឹម សាឡយ និង ឈ្មោះរឹម សាឡែន បានដើរបំផុសបំផុលឱ្យប្រជាពលរដ្ឋមានការយល់ច្រលំថា ក្រុមហ៊ុនមិនមែនចុះស្រង់ស្ថិតិដើម្បីកាត់ដីជូនប្រជាពលរដ្ឋទេ គឺការស្រង់ស្ថិតិនេះធ្វើឡើងដើម្បីកាត់យកដីពីប្រជាពលរដ្ឋប្រគល់ឱ្យក្រុមហ៊ុនតែប៉ុណ្ណោះជាហេតុនាំឱ្យមានការរាំងស្ទះដល់ការចុះស្រង់ស្ថិតិ និងត្រូវផ្អាកជាបណ្តោះអាសន្ន។
លុះមកដល់ថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០២០ នាពេលរសៀល ត្រង់ចំណុចព្រៃស្មាច់ ស្ថិតនៅ ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅពេលដែលក្រុមកម្មករយាមដីកំពុងល្បាតមើលទីតាំងដីរបស់ក្រុមហ៊ុន ហើយបានចុះទៅឃាត់ក្រុមជនអាណាធិបតេយ្យដែលកំពុងលួចសាងសង់កូនខ្ទមខ្លះ សំណង់រឹងខ្លះ ដោយគ្មានការទទួលស្គាល់ពីអាជ្ញាធរមានសមត្ថកិច្ច នៅលើទីតាំងដីរបស់ក្រុមហ៊ុនដែលកំពុងធ្វើការដោះស្រាយវិវាទដីទំនាស់នៅរដ្ឋបាលសាលាខេត្តព្រះសីហនុ និងកំពុងសហការជាមួយរដ្ឋបាលសាលាស្រុកព្រៃនប់ ស្រង់ស្ថិតិដាក់សំណើជូនរដ្ឋបាលសាលាខេត្តព្រះសីហនុ ដើម្បីដោះស្រាយគោលនយោបាយ ផ្ដល់ដីជូនប្រជាពលរដ្ឋដែលបានកាន់កាប់ អាស្រ័យផលជាក់ស្ដែងនោះ ស្រាប់តែមានមានក្រុមជនអាណាធិបតេយ្យជាច្រើននាក់ដែលជាក្រុមមានការចាត់តាំង ខ្លះកាន់ដុំថ្ម ខ្លះកាំបិតភ្គាក់ ខ្លះកាន់ចប ខ្លះកាន់ដំបង មកឡោមព័ទ្ធធ្វើការវាយបំផ្លាញឡានម៉ាក NISSAN NAVARA ស៊េរីឆ្នាំ២០១៦ ចំនួន០១គ្រឿង និងម៉ូតូ ចំនួន០៦គ្រឿង ព្រមទាំងធ្វើការវាយតប់លើក្រុមការងាររបស់ក្រុមហ៊ុន បណ្តាលឲ្យបែកក្បាល បែកមុខ និងរងបួសជាច្រើននាក់។ គួរបញ្ជាក់ផងដែរថាកន្លងមកនេះ ក្រុមជនអាណាធិបតេយ្យដដែលនេះ ក៏បានដើរបំផុសបំផុលប្រជាពលរដ្ឋឲ្យមានការយល់ច្រលំដោយចោទថា ក្រុមហ៊ុនមកប្លន់ផ្ទះ និងរឹបអូសយកដី និងផ្ទះរបស់ប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែង ដែលផ្ទុយទាំងស្រុងពីគោលការណ៍ ដោះស្រាយគោលនយោបាយបញ្ចប់វិវាទជូនប្រជាពលរដ្ឋ របស់ក្រុមហ៊ុន។

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *