ប៉ៃលិន÷កាលពីថ្ងៃអាទិត្យ ១៤ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈានរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន រួមនឹងសហការី បានបន្តដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រុមការងារប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តអនុសាខាកាកបាទក្រហមកម្ពុជាក្រុង ស្រុក អ្នកស្ម័គ្រចិត្តយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានិងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន យុវជន ស.ស.យ.ក. មូលដ្ឋានឃុំឃុំ ទាំង៨ ចុះចែកស្បៀងអាហារជូនដល់គ្រួសារប្រជាពលរដ្ឋខ្វះខាតសរុបចំនួន ៣,៣៥៧គ្រួសារស្ថិតនៅក្នុងសង្កាត់អូរតាវ៉ៅក្រុងប៉ៃលិនខេត្តប៉ៃលិនដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយសម្រាលការលំបាកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលជួបវិបត្តិជំងឺកូវីដ១៩។
ដោយស្បៀងអាហារទាំងនេះ ជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិនសាខាកាកបាទក្រហមកម្ពុជាខេត្តនិងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិនបានបន្តអំពាវនាវដល់គ្រួសារប្រជាពលរដ្ឋទាំងអស់សូមបន្តប្រុងប្រយ័ត្នពីការឆ្លងជំងឺកូវីដ១៩ ដោយត្រូវបង្កើនអនាម័យសុខភាពរស់នៅឱ្យបានល្អកុំធ្វេសប្រហែស ត្រូវពាក់ម៉ាស់ ឬក្រម៉ាហើយត្រូវដុសលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំជាមួយសាប៊ូ ទឹកអាល់កុលឬជែលកម្ចាត់មេរោគនិងបាក់តេរីផ្សេងៗ។
បើមានការសង្ស័យទៅលើអ្នកណាម្នាក់ ឬចំពោះខ្លួនឯងផ្ទាល់សូមប្រញ៉ាប់ទូរស័ព្ទមកលេខ១១៥ឬមកកាន់មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត ឬរាយការណ៍មកអាជ្ញាធរភូមិ ឃុំ ដើម្បីបញ្ជូនបងប្អូនទៅពិនិត្យ និងព្យាបាលជំងឺ។
សូមកុំចម្លងរោគពីយើងទៅគេ ហើយក៏កុំចម្លងរោគគេមកក្រុមគ្រួសារយើង កន្លែងណាដែលមិនចាំបាច់ទៅ សូមកុំទៅជាពិសេសកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើន និងសូមស្តាប់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជានិច្ច។
សូមជម្រាបថា៖ ដើម្បីរួមចំណែកបន្ថែមជាមួយរាជរដ្ឋាភិបាលឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវតំណាងរាស្រ្ត រួមនឹងក្រុមការងារ ធ្វើការចុះចែកស្បៀងអាហារវិលជុំ ជូនដល់គ្រួសារប្រជាពលរដ្ឋខ្វះខាត និងគ្រួសារងាយរងគ្រោះដែលជួបវិបត្តិនៃជំងឺកូវីដ-១៩ក្នុងការដោះស្រាយការលំបាកក្នុងជីវភាពរស់នៅជូនប្រជាពលរដ្ឋនៅទូទាំងខេត្តប៉ៃលិនរហូតដល់ចប់វិបត្តិជំងឺកូវីដ-១៩ ផងដែរ។.សេន ត