ខេត្តព្រៃវែង÷ បើទោះបីជាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាស់តឿនសមត្ថកិច្ចទូទាំងប្រទេស ឲ្យបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ស្របទៅតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រដ្ឋាភិបាលទាំង៩ចំណុច ប៉ុន្តែ! មិនឃើញអាជ្ញាធរគោរព និងអនុវត្តតាមបទបញ្ជារបស់សម្តេចក្រទ្បាហោម ស ខេង ទ្បើយ ។
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ក្នុង ភូមិស្វាយសាក់ ឃុំ ពោធិ៍ទី ស្រុកស៊ីធរកណ្តាល (ក្មុងផ្ទះអ្នកមានល្បីឈ្មោះក្នុងខេត្តម្នាក់ ) បានឲ្យដឹងថា៖
សកម្មភាពលេងល្បែងភ្នាល់ជល់មាន់ និង អាប៉ោង ចាប់ផ្តើមលេងតាំងពីដើមខែឧសភា មកម្ល៉េះ គឺជាល្បែងពេញនិយម សម្រាប់ក្រុមអ្នកញៀនលេងល្បែងតែម្តង ។
ជាទូទៅចាប់ពីថ្ងៃច័ន្ទ ដល់ អាទិត្យ រៀងរាល់ថ្ងៃ ក្រុមអ្នកមានៗ ឬអ្នកលេងល្បែងជល់មាន់ និងចាក់អាប៉ោង បានប្រមូលផ្ដុំគ្នាដើម្បីចាក់ ឬ ភ្នាល់ជល់មាន់ និង អាប៉ោង ។ ការចាក់លេងល្បែងភ្នាល់បញ្ជល់មាន់ និង អាប៉ោងនេះ គឺមានការភ្នាល់គ្នារហូតរាប់រយ រាប់ពាន់ និងរាប់ម៉ឺនដុល្លារឯណោះ។
ប្រជាពលរដ្ឋបានរាយការណ៍បន្តថា ល្បែងភ្នាល់ជល់មាន់ និង អាប៉ោង ដែលកំពុងលុកលុយខ្លាំងជាងគេ គឺនៅចំនុចភូមិស្វាយសាក់ ឃុំ ពោធិ៍ទី ស្រុក ស៊ីធរកណ្តាល ខេត្ត ព្រៃវែង នេះ គ្មានឃើញអាជ្ញាធរមានសមត្ថកិច្ចណាចុះបង្ក្រាបទ្បើយ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មេល្បែងសង្វៀនមាន់និងអាប៉ោងធំជាងគេ នៅកណ្តាលស្រុកស៊ីធរកណ្តាលនេះ ជាអ្នកមានល្បីឈ្មោះម្នាក់នៅក្នុងស្រុកនេះតែម្តងដែលនរណាៗក៏ស្គាល់ដែរ ។
ដោយឡែកពាក់ព័ន្ធនិងករណីនេះ NYK មិនអាចសុំការទំនាក់ទំនងពីអ្នកមានល្បីឈ្មោះ ដែលពលរដ្ឋលើកឡើងនិងជាម្ចាស់ទីតាំងនោះបានទេ ព្រោះគ្មានលេខទូរស័ព្ទ ៕
ការិយាល័យនិពន្ធ÷ 097 428 4444