បែកធ្លាយលិខិតរបស់លោកលឹម ម៉ៅ អភិបាលរងស្រុកត្បែងមានជ័យ នៃខេត្តព្រះវិហារស្នើសុំសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុំផ្ទេរក្របខ័ណ្ឌពីមន្ត្រីរាជការស៊ីវិល មកបម្រើការងារជាមន្ត្រីក្របខ័ណ្ឌនគរបាលជាតិនៃក្រសួងមហា ផ្ទៃ និងសូមតែងតាំងមុខតំណែងជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ។ នេះបើយោងតាមលិខិតចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។
ការធ្វើលិខិតនេះ គឺតាមរយៈលោកស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងលោកអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ។
ខ្លឹមសារលិខិត:
ខ្ញុំបាទឈ្មោះ លឹម ម៉ៅ ឆ្នាំកំណើត ១៩៧១ អត្តលេខមន្ត្រីរាជការ ១៧១០៧០០០៥៥ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៦ ឋានៈជាអភិបាលរងស្រុកត្បែងមានជ័យ នៃខេត្តព្រះវិហារ ។ សូមគោរពជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាទីគោរពដ៏ខ្ពង់ខ្ពស់
តាមរយៈ -លោកអភិបាល នៃគណៈអភិបាលស្រុកត្បែងមានជ័យ
-លោកស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
-ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ)
កម្មវត្ថុ សំណើសុំផ្ទេរក្របខ័ណ្ឌពីមន្ត្រីរាជការស៊ីវិល មកបម្រើការងារជាមន្ត្រីក្របខ័ណ្ឌនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងសូមតែងតាំងមុខតំណែងជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ។
តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តិយស សូមគោរពជម្រាបជូន សម្តេចក្រឡាហោម មេត្តាជ្រាបថា៖ ខ្ញុំបាទ
បានបម្រើការងារជាមន្ត្រីរាជការស៊ីវិលអស់រយៈពេល ២២ឆ្នាំ មកហើយបច្ចុប្បន្នជាអភិបាលរងស្រុកត្បែងមានជ័យនៃខេត្តព្រះវិហារបានឆ្លងកាត់ការសិក្សាទទួលបានសញ្ញាបត្រឧត្តមរុក្ខកម្ម ខ្ញុំបាទមានបំណងចង់ទៅបម្រើការងារជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារវិញ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការបម្រើជាតិមាតុភូមិ ។
សេចក្តីដូចបានគោរព និងជម្រាបជូនខាងលើ សូមសម្តេចក្រឡាហោម មេត្តាអនុញ្ញាតផ្ទេរក្របខ័ណ្ឌ និង
តែងតាំងមុខតំណែងខ្ញុំបាទជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដោយក្តីអនុគ្រោះ ។
ពាក់ព័ន្ធនិងការបែកធ្លាយបែបនេះភ្នាក់ងារយើងមិនអាចសុំការបកស្រាយណាមួយពីលោក លឹម ម៉ៅ អភិបាលរងស្រុកត្បែងមានជ័យ បាននៅឡើយទេគិតត្រឹមថ្ងៃនេះ ភ្នាក់ងារយើងនឹងព្យាយាមរកព័តមានពិតជូនមហាជនជ្រាបបន្ថែនៅពេលក្រោយថាពិតឬយ៉ាងណា ។ ការិយាល័យនិពន្ធ ០៧៧ ៧៩៨ ៣៣៣/ ០៩៧ ៤២៨ ៤៤៤៤ ៕ ប្រភព PN