តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៦ កក្កដានេះ សម្ដេច ស ខេង បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមគាំទ្រពីសំណាក់ពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់នៅទូទាំងប្រទេស។
សម្ដេចថា តាមរយៈសកម្មភាពយ៉ាងផុលផុសនេះ គឺបានធ្វើការចាប់ខ្លួន មេក្លោង រួមទាំងជនល្មើសមួយចំនួនធំ និងបានរឹបអូសគ្រឿងញៀន និងសារធាតុផ្សំជាច្រើន ព្រមទាំងបានបញ្ជូនទៅកាន់ តុលាការជាបន្តបន្ទាប់ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន ។
សម្ដេចបន្ថែមថា តាមរយៈលទ្ធផលសម្រេចបានក្នុង យុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នាពេលកន្លងមកធ្វើឲ្យសាធារណជនទូទៅ យ៉ាងច្រើនលើសលប់សម្តែងការសាទរ និងជំរុញលើកទឹកចិត្តដល់យុទ្ធនាការនេះ ឲ្យបន្តសកម្មភាព របស់ខ្លួនកាន់តែសកម្មថែមទៀត។
សម្ដេចក្រឡាហោមបញ្ជាក់ថា “ទន្ទឹមនេះ សមត្ថកិច្ចគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ ត្រូវចៀសវាងឲ្យបានដាច់ខាត នូវ ៤ កុំ គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយ កុំបន្ថូរដៃ និងកុំអន្តរាគ មន៍ ក្នុងបទល្មើសគ្រឿងញៀន “។
រដ្ឋមន្រ្តីមហាផ្ទៃបន្ថែមថា ទោះបីលទ្ធផលសម្រេចបាន ទាំងនេះ មិនទាន់ឆ្លើយតបបានពេញលេញ ទៅនឹងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល ជាពលរដ្ឋ និងមជ្ឈដ្ឋាននានា នៅក្នុងសង្គមយ៉ាងណាក្តី ក៏នៅតែបន្តខិតខំពុះពារតស៊ូ អនុវត្តយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់នេះ រហូតធ្វើឲ្យបទល្មើសគ្រឿងញៀន ត្រូវបានកាត់បន្ថយ និងឈានទៅលុបបំបាត់ ទាំងស្រុងពីសង្គមកម្ពុជា នាពេលអនាគត។
សម្ដេចសង្ឃឹមថា ពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមទាំងស្ថាប័នរដ្ឋ ឯកជន ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល អ្នកវិភាគសង្គម ព្រមទាំងគ្រប់សមាសភាគពាក់ព័ន្ធ នឹងបន្តចូលរួមកាន់តែសកម្មថែមទៀត ក្នុងការគាំទ្រដល់យុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញឿន ខុសច្បាប់នៅទូទាំងប្រទេស តាមរយៈការផ្សព្វផ្សាយអប់រំ និងការផ្តល់ព័ត៌មាន ឈានទៅកាត់ផ្តាច់ការផ្គត់ផ្គង់ និងកាត់ផ្តាច់តម្រូវការគ្រឿងញៀន ក្នុងស្មារតី រួមគ្នាទទួលខុសត្រូវ ក្នុងការកសាងសង្គមកម្ពុជា ដែលល្អផូរផង់ប្រកបដោយសន្តិសុខ សុវត្ថិភាព និងភាព សុខដុមរមនា គ្មានគ្រឿងញៀន៕