ខេត្តកំពង់ធំ៖ស្នងការនគរបាលខេត្តកំពង់ធំលោកឧត្តមសេនីយ៍ទោជូ
សំអានដែលមួយរយៈពេលចុងក្រោយនេះបានរងនូវការប្តឹងផ្តល់យ៉ាង ខ្លាំងពីសំណាក់ មន្រ្តីនគរបាលក្រោមឱវាទរបស់ខ្លួនតាំងពីថ្នាក់នាយនគរបាលប៉ុស្តិ៍រហូតដល់ស្នងការរងសំខាន់ៗចំនួន៥រូបចំពោះភាពមិនប្រក្រតីលើការដឹកនាំនោះនៅពេលនេះត្រូវបានថ្នាក់លើសម្រេចដកហូតតំណែងហើយ។
មន្រ្តីនគរបាលជាន់ខ្ពស់ខេត្តកំពង់ធំបានប្រាប់សារព័ត៌មានថា នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះថាសម្រាប់តួនាទីស្នងការខេត្តថ្មីត្រូវបានថ្នាក់លើប្រគល់ជូនលោកឧត្តមសេនីយ៍ត្រីអ៊ុកកុសលអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃដែលពីមុនក៏ជាអតីតស្នងការរងនគរបាលខេត្តកំពង់ធំទទួល ផែនព្រហ្មទណ្ឌផងដែរ។
បើតាមមន្រ្តីនគរបាលដដែលនេះពិធីប្រកាសតែងតាំងនិងផ្ទេរភារកិច្ចស្នងការខេត្តថ្មីនឹងធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ក្រោមវត្តមាន នាយឧត្តមសេនីយ៍នេតសាវឿន អគ្គស្នងការនគរបាលជាតិនិងអភិបាលខេត្តកំពង់ធំលោក សុខ លូ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ជូ សំអានមួយរយៈចុងក្រោយនេះត្រូវបានកូនចៅតាំងពីថ្នាក់នាយនគរបាលប៉ុស្តិ៍រហូតដល់ស្នងការរងនគរបាលចំនួន៥រូបបានប្តឹងដោយស្នើសុំឲ្យសម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃធ្វើការផ្លាស់ប្តូរចេញដោយសារតែការដឹកនាំពោពេញទៅដោយបក្ខពួកនិយមពុករលួយនិងមិនទទួលខុសត្រូវរួមនៅក្នុងអង្គភាពតែម្តង។
លោកឧត្តមសេនីយ៍ស្នងការរូបនេះក៏ធ្លាប់បានធ្វើរបាយការណ៍ភូតអគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍នេតសាវឿនគឺយករថយន្តមួយគ្រឿងម៉ាកHighlanderដែលដឹកឈើក្រញូងទៅលក់ឲ្យឈ្មួញវិញតម្លៃខ្ទង់ម៉ឺនដុល្លារខុសពីខ្លឹមសារដែលលោកបានស្នើសុំទៅថ្នាក់លើថា«យកមកបម្រើក្នុងអង្គភាព»។
បើតាមពាក្យបណ្តឹងរបស់កូនចៅបានរៀបរាប់ថាលោកឧត្តមសេនីយ៍ទោ ជូ សំអាន អសមត្ថភាពដឹកនាំ គ្មានការទទួលខុសត្រូវ ជឿតែការចាក់រុកពីស្នងការរងអ៊ិតគឹមស្រ៊នមានភាពយឺតយ៉ាវស្ពឹកស្រពន់ពេលមានបញ្ហាមិនចេះផ្ដល់យោបល់ឬគោលការណ៍ច្បាស់លាស់ពុំដែលប្រជុំគណៈស្នងការក៏ដូចជាគណៈកម្មាធិការស្នងការធ្វើតែតាមអារម្មណ៍របស់ស្នងការរង អ៊ិត គឹមស្រ៊ន។
ពាក្យបណ្ដឹងនេះបានលើកឡើងថាលោកស្នងការបានឃុបឃិតជាមួយស្នងការរងអ៊ិតគឺមស្រ៊ន តែងតាំងមន្រ្តីថ្នាក់នាយរងប៉ុស្តិ៍ និងនាយការិយាល័យ ពី៥០០ទៅ៣០០០ដុល្លារ ពីនាយនាយរងផ្នែកនិងអធិការដ្ឋានពី ៥០០ទៅ ១,០០០ដុល្លារ ព្រមទាំងលួចដំឡើងស័ក្តិតែបក្ខពួករបស់ខ្លួន៕

អ៊ុក កុសល់

ជូ សំអាន