ឈ្មួញធំៗនាំចូលថ្នាំគីមីពុលតាមច្រករបៀងប៉ាក់ណាមឃុំព្រែកជ្រៃស្រុកកោះធំម៉ាសេរី
ប្រភពពីប្រជាពលរដ្ឋ នៅឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល បានឲ្យដឹងថា ឈ្មួញដែលនាំចូលថ្នាំពុល គីមីសម្រាប់ការពារ សត្វល្អិតបំផ្លាញដំណាំ ឬកម្ចាត់ស្មៅជាដើមមាន ឈ្មោះ ហ៊ា បាក់ឆេង រស់នៅភូមិ លេខ៤ ឃុំត្រើយស្លា ស្រុកស្អាង ខេត្ត កណ្ដាល។ ប្រភពបានឲ្យដឹងទៀតថា ទីតាំងលើកថ្នាំពុលគីមីនេះ ឡើងពីទូកនៅចំណុច ខាងត្បូងកំពង់ចម្លងកោះ ចាស់ ឃុំ ឈើខ្មៅ ស្រុកកោះធំ និងនៅចំណុចកោះស្នេហ៍ ឃុំឈើខ្មៅ ស្រុកកោះធំ។ ថ្នាំពុលគីមីត្រូវបានគេលើកដាក់រថយន្តកូរ៉េពី៣ទៅ៤គ្រឿងក្នុងមួយថ្ងៃៗហើយដឹកជញ្ជូនយកទៅចែកចាយតាមដេប៉ូនានាយ៉ាងរលូនដោយគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធត្រួតពិនិត្យឡើយ។ ប្រភពខ្លះបានឲ្យដឹងថាការនាំចូលថ្នាំពុលគីមីគឺជាទំនិញគេចពន្ធដោយមានការឃុបឃិតបើកដៃពីសំណាក់សមត្ថកិច្ចគយ និងសមត្ថកិច្ចពាក់ព័ន្ធ ។
ប្រភពពីប្រជាពលរដ្ឋនៅឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល បានឲ្យដឹងថាទំនងជាមានការឃុបឃិតបើកដៃពីសំណាក់ប្រធានមន្ទីរកសិកម្មខេត្តកណ្ដាល និងមន្ត្រីក្រោមឱវាទទើបឈ្មួញអាចដឹកជញ្ជូនថ្នាំពុលសារធាតុគីមីចូលតាមច្រករបៀងប៉ាក់ណាម ជាច្រើនតោនក្នុងមួយថ្ងៃៗ។ ប្រភពបានឲ្យដឹងថា ថ្នាំពុលគីមីរាប់តោនត្រូវឈ្មួញនាំចូលពីស្រុកយួនតាមទូក រួចហើយលើកដាក់រថយន្តដឹកយកមកស្តុកទុកនៅក្នុងឃុំត្រើយស្លា ស្រុកស្អាង មុនពេលចែកចាយទៅតាមទីតាំងលក់ទំនិញទាំងនោះជាច្រើនកន្លែង។ ប្រការនេះជារឿងដែលក្រសួងនិងស្ថាប័នពាក់ព័ន្ធមិនគួរមើលរំលងទៀតទេ ព្រោះថ្នាំកសិកម្មប្រភេទពុលគីមីអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពពលរដ្ឋខ្មែរ ហើយគួរមានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវមុនពេលអនុញ្ញាតឲ្យឈ្មួញនាំចូល។
ទាក់ទងបញ្ហាខាងលើនេះឈ្មួញនាំចូលថ្នាំពុលគីមីបានឲ្យដឹងថា ពួកគេបង់លុយឲ្យមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមទើបអ្វីអាចប្រព្រឹត្តទៅដោយរលូន ហើយទំនិញប្រភេទនេះភាគច្រើននាំចូលតាមច្រករបៀង។ បើតាមអ្នកបើកបររថយន្តដឹកជញ្ជូនថ្នាំពុលគីមីដែលឈ្មួញនាំចូលពីស្រុកយួនបានឲ្យដឹងថា ក្នុងមួយរថយន្តត្រូវបង់ឲ្យមន្ត្រីគយ៦០ម៉ឺនរៀល មន្ត្រីអាវុធហត្ថ៨ម៉ឺនរៀល នគរបាលសេដ្ឋកិច្ចខេត្តកណ្ដាល និងនគរបាលសេដ្ឋកិច្ចក្រសួងពី៤០ទៅ៥០ម៉ឺនរៀល។ លើសនេះទៅទៀតគឺមានការបង់លុយឲ្យមន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តកណ្ដាលផងដែរ ទើបអ្វីៗអាចប្រព្រឹតទៅដោយរលូនច្រើនឆ្នាំមកហើយ៕
សួស្តី