កោះកុង ៖ នៅវេលាម៉ោង៤.០០នាទីល្ងាច នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ មានករណីឃាតកម្ម(យកដបវាយអោយបែករួចយកទៅចាក់លើជនរងគ្រោះ)មួយបានកើតឡើងនៅចំនុចឃ្លាំងទំនិញលេខ១១ ខាងក្រោយផ្សារភូមិថ្មី ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលបានបង្កអោយជនរងគ្រោះម្នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីបានបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ។
យោងតាមប្រភពពីសាក្សីបានអោយដឹងថា ករណីឃាតកម្មខាងលើកើតឡើងដោយសារតែអ្នកទាំង២បានលែងសើចនិងគ្នាជ្រុល ទើបបង្កអោយមានទំនាស់រហូតឈានដល់ការវាយតប់គ្នាហើយជនសង្ស័យក៏បានវាយបំបែកដបទឹកត្រីហើយចាក់ទៅលើជនរងគ្រោះតែម្តង ។
លោក ឡាក់ នី អធិការរងទទួលបន្ទុកព្រហ្មទណ្ឌនៃអធិការស្រុកមណ្ឌលសីមា ក៏បានអោយដឹងដែរថាជនរងគ្រោះដែលស្លាប់មានឈ្មោះ តាំ វ៉ាន់ឆៃ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានស្លាប់បន្ទាប់ពីបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ចំណែកឯជនសង្ស័យមានឈ្មោះ ខុង (ហៅតឿ) ភេទប្រុស អាយុប្រហែល១៥ឆ្នាំ មុខរបរកម្មករដូចគ្នា មានទីលំនៅមិនពិតប្រកដ បានរត់គេចខ្លួនបាត់ស្រមោល ។
ករណីនេះកម្លាំងសមត្ថកិច្ចជំនាញបានសហការជាមួយកម្លាំងអធិការក្រុងខេមរះភូមិន្ទ ដើម្បីតាមស្រាវជ្រាវរុករកជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ រីឯសពជនរងគ្រោះក្រោយពីបានធ្វើកោសល្យវិច្ច័យរួចរាល់សមត្ថកិច្ចក៏បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ជា ថាង